Dec 4, 2024

BREAKING NEWS: សភាអឺរ៉ុប ជំរុញឱ្យសើរើប្រព័ន្ធអនុគ្រោះពន្ធ EBA


BREAKING NEWS: សភាអឺរ៉ុប ជំរុញឱ្យសើរើប្រព័ន្ធអនុគ្រោះពន្ធ EBA និងដាក់ទណ្ឌកម្មជាក់លាក់លើរដ្ឋាភិបាលកម្ពុជា រហូតទាល់តែអ្នកទោសនយោបាយទាំងអស់ត្រូវបានដោះលែង។

សភាអឺរ៉ុប ជំរុញឱ្យគណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុប ពិនិត្យសើរើឡើងវិញការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» (EBA) ដែលនៅសល់ចំនួន៨០%ជាមួយកម្ពុជា និងពិចារណាដាក់ទណ្ឌកម្មជាក់លាក់លើក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលពាក់ព័ន្ធនឹងការរឹតត្បិតផ្នែកនយោបាយ។

ការជំរុញនេះ ធ្វើឡើងក្នុងសេចក្តីសម្រេចថ្មីមួយដែលទើបនឹងអនុម័តដោយសភាអឺរ៉ុប កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ស្តីពីការកាន់តែរួមតូចទៅៗនៃលម្ហសង្គមស៊ីវិលនៅកម្ពុជា ជាពិសេសករណីអង្គការ សង់ត្រាល់ (CENTRAL)។

សេចក្តីសម្រេច ដែលមាន៩ចំណុច របស់សភាអឺរ៉ុបនេះ អំពាវនាវឱ្យគណៈកម្មការអឺរ៉ុប និងរដ្ឋសមាជិកអឺរ៉ុប វាយតម្លៃកែប្រែលក្ខខណ្ឌនៃការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជា ដោយសារតែរដ្ឋាភិបាលនៃប្រទេសនេះមិនបានផ្តល់កិច្ចសហប្រតិបត្តិការដោះស្រាយ និងបង្ការការរំលោភសិទ្ធិមនុស្សនៅកម្ពុជាឡើយ។ សភាអឺរ៉ុប គូសបញ្ជាក់ថា ការធ្វើដូច្នេះគឺដើម្បីបញ្ជូនសារច្បាស់លាស់មួយថា ការកែលម្អសិទ្ធិមនុស្ស និងការគាំពារសេរីភាពសង្គមស៊ីវិល គឺជាលក្ខខណ្ឌជាមុនសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ 

ទន្ទឹមគ្នានេះ សភាអឺរ៉ុប ក៏ជំរុញឱ្យសហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន ចាត់វិធានការជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាព ដាក់ទណ្ឌកម្មជាក់លាក់លើក្រុមមនុស្សទាំងឡាយណាដែលទទួលខុសត្រូវលើការរឹតត្បិតផ្នែកនយោបាយ និងដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជារហូតទាល់តែអ្នកទោសនយោបាយទាំងអស់ត្រូវបានដោះលែង។ 

ក្រៅពីការជំរុញនេះ សភាអឺរ៉ុប ថ្កោលទោសការកាន់តែរួមតូចទៅៗនៃលម្ហសង្គមស៊ីវិលនៅកម្ពុជា និងអំពាវនាវឱ្យអាជ្ញាធរកម្ពុជាដោះលែងរាល់អ្នកទោសនយោបាយ សកម្មជន អ្នកកាសែត អ្នកការពារសិទ្ធិមនុស្ស និងតួអង្គសង្គមស៊ីវិលដ៏ទៃទៀតទាំងអស់ដែលត្រូវបានចោទប្រកាន់ក្រោមបទចោទដែលមានចរិតនយោបាយ។ សភាអឺរ៉ុបក៏អំពាវនាវឱ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលរាល់បទចោទដែលមានចរិតនយោបាយប្រឆាំងនឹងអង្គការសង់ត្រាល់ និងសមាជិកអង្គការនេះ ក្នុងនោះរួមទាំងលោក ឃុន ថារ៉ូ ផង និងឱ្យបញ្ឈប់ការធ្វើសវនកម្មដែលមានចរិតនយោបាយមកលើអង្គការសមធម៌កម្ពុជា និងអង្គការចលនាមាតាធម្មជាតិ ដើម្បីលើកកម្ពស់សិទ្ធិការងារ សិទ្ធិមនុស្ស និងការការពារបរិស្ថាន។

នេះគឺជាលើកទី១ហើយដែលសភាអឺរ៉ុបអនុម័តសេចក្តីសម្រេចដ៏មានឥទ្ធិពលឱ្យសើរើប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជាដែលនៅសេសសល់ចំនួន៨០% ចាប់តាំងពីលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីមក។ សហភាពអឺរ៉ុបបានដកហូតប្រព័ន្ធអនុគ្រោះនេះ ២០% ពីកម្ពុជា ដែលមានតម្លៃស្មើនឹងទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារ កាលពីពាក់កណ្តាលឆ្នាំ២០២០កន្លងទៅ ក្រោយឪពុករបស់លោក ហ៊ុន ម៉ាណែត គឺអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកយុទ្ធនាការជាប្រព័ន្ធរម្លាយគណបក្សសង្គ្រោះជាតិ និងរៀបចំការបោះឆ្នោត«ក្លែងក្លាយ» នៅចុងខែកក្កដា ឆ្នាំ២០១៨។ សហភាពអឺរ៉ុប បានទុកឱកាសឱ្យរដ្ឋាភិបាលកម្ពុជាកែប្រែឥរិយាបថរបស់ខ្លួនដោយងាកមកកែលម្អសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។ ក៏ប៉ុន្តែ ជាង៤ឆ្នាំមកនេះ ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជារឹតតែធ្លាក់ចុះដុនដាបខ្លាំងជាងពេលណាទាំងអស់៕

No comments:

Post a Comment

Note: Only a member of this blog may post a comment.